សិក្ខាសាលា បណ្តុះបណ្តាល បានប្រារព្ធបើកក្រោមអធិបតីភាពលោកអគ្គនាយករង សែ​ សុឃន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯក​ឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ភ្នំពេញ ; នាថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានសហការជាមួយគម្រោង EU-German GATE​/GIZ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការព្យាករណ៍ចំណូល និងការសិក្សាការផ្លាស់ប្តូររចនាសម្ព័ន្ធកៀរគរចំណូលរបស់កម្ពុជា៖ បញ្ហាប្រឈម និងឱកាស -Forecasting and Modelling Cambodia’s Structural Transformation and Revenue Mobilization: Challenges and Opportunities” នៅសាលាជាតិគយ ដល់​មន្រ្តីរាជការមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ) និងក្រសួងពាណិជ្ជកម្ម សរុបចំនួន ២៥ រូប។ 


សិក្ខាសាលា បណ្តុះបណ្តាល បានប្រារព្ធបើកក្រោមអធិបតីភាពលោកអគ្គនាយករង សែ​ សុឃន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯក​ឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក Pro. Shandre Mugan Thangavelu ជាគ្រូឧទ្ទេសនាម ព្រមទាំងអ្នកជំនាញការរបស់អង្គការ GIZ។ សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង៖ ១) វាយតម្លៃផលប៉ះពាល់ដែលអាចកើតមានឡើងលើការរីកចម្រើននៃវិស័យ ឧស្សាហកម្មក្នុងស្រុករបស់កម្ពុជា, ២)ពិភាក្សាអំពីគន្លឹះនៃនិន្នាការចំណូលពន្ធដែលប្រមូលពីពាណិជ្ជកម្មអន្តរជាតិ និងពីវិស័យឧស្សាហកម្មក្នុងស្រុក ក្នុងរយៈពេលមធ្យមនិងរយៈពេលវែង ៣)ការធ្វើគំរូ និងការព្យាករណ៍សំខាន់ៗដែលត្រូវបានអនុវត្ត ក្នុងការសិក្សាស្រាវជ្រាវអំពីការបើកចំហរពាណិជ្ជកម្ម។

ក្នុងមតិបើកសិក្ខាសាលាបណ្តុះបណ្តាល ​លោកអគ្គនាយក​រង បានបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលានេះថា ការព្យាករណ៍និងការធ្វើគំរូ លើការផ្លាស់ប្ដូររចនាសម្ព័ន្ធ និងការប្រមូលចំណូលរបស់កម្ពុជា ផ្តោតលើបញ្ហាប្រឈមនិងឱកាសបានផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការកែសម្រួលគោលនយោបាយនិងសកម្មភាពនានា ដើម្បីកាត់បន្ថយ ហានិភ័យដែលអាចកើតមានឡើងពីផលអវិជ្ជមានផ្សេងៗ ហើយវាក៏ជាឱកាសទាញយកផលប្រយោជន៍ តាមរយៈការជំរុញអោយមានស្ថិរភាពសេដ្ឋកិច្ច ព្រោះការព្យាករណ៍ត្រឹមត្រូវអាចជួយកំណត់នូវអត្តសញ្ញាណ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដែលអាចកើតមានពីវិបត្តិហិរញ្ញវត្ថុ ឬផលរំខានពាណិជ្ជកម្មផ្សេងៗ។

ក្នុងឱកាសនៃសិក្ខាសាលា សិក្ខាកាមបានចូលរួមចែករំលែក មតិយោបល់ពាក់ព័ន្ធនឹង​ការព្យាករណ៍ចំណូល ដែលអាចជួយឱ្យការរៀបចំផែនការប្រមូលចំណូលនិងការរៀបចំថវិកាចំណាយប្រកបដោយប្រសិទ្ធភាព និងអាចជៀសវាង ឱនភាពសារពើពន្ធ។​ សិក្ខាសាលានេះ ពិតជាបានផ្តល់នូវ​ចំណេះដឹងបន្ថែមអំពីការព្យាករណ៍ និងការរៀបចំគំរូលើការផ្លាស់ប្ដូរ រចនាសម្ព័ន្ធនិងការប្រមូលចំណូលរបស់កម្ពុជា សម្រាប់នាំទៅដល់ការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព ក្នុងការធានាផ្តល់សេវាសាធារណៈរបស់រដ្ឋាភិបាល។












Powered by Blogger.