នៅថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះកិច្ចប្រជុំទ្វេភាគីគយព្រំដែន លើកទី៥ រវាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម
ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំទ្វេ ភាគីគយព្រំដែនលើកទី៥ រវាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម បានរៀបចំធ្វើនៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលដឹកនាំដោយសហប្រធាន លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស និងលោក Nguyen Hung Anh ប្រធាននាយកដ្ឋានប្រឆាំងការរត់គេចពន្ធនិងស៊ើបអង្កេតបទល្មើសគយ។
កិច្ចប្រជុំទ្វេភាគីគយព្រំដែនជាកិច្ចប្រជុំដែលត្រូវរៀបចំជារៀងរាល់ឆ្នាំ ហើយកិច្ចប្រជុំលើកនេះទើបបានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីអាក់ខានប៉ុន្មានឆ្នាំដោយសារការរីកសាយភាយនៃជំងឺកូវីដ១៩ ឆ្នាំ២០២០។
កិច្ចប្រជុំលើកនេះរៀបចំឡើងក្នុងគោលបំណង តាមដានវឌ្ឍនភាពការងារសម្រេចបានបន្ទាប់ពីកិច្ចប្រជុំលើកទី៤ ពិនិត្យលើយន្តការនៃការផ្លាស់ប្តូរព័ត៌មានបទល្មើសគយ និងទិន្នន័យស្ថិតិ ពាណិជ្ជកម្មនាំចេញនាំចូល ធ្វើបច្ចុប្បន្នភាពមន្រ្តីទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ ជាពិសេសលើការងារបង្ការនិងបង្រ្កាបអំពើរត់ពន្ធនិងបទល្មើសឆ្លងដែនស្របតាមខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១.ភាគីទាំងពីរបានពិភាក្សានិងឯកភាពគ្នាលើចំណុចមួយចំនួន រួមមាន៖ ក) ធ្វើបច្ចុប្បន្នភាពឈ្មោះ មន្ត្រីទំនាក់ទំនងទទួលបន្ទុកការងារផ្លាស់ប្តូរព័ត៌មានពីកម្រិតថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ដើម្បីធានាឱ្យការធ្វើទំនាក់ទំនងគ្នាបានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវការសម្ងាត់វិជ្ជាជីវៈខ្ពស់ ខ) ពិនិត្យលទ្ធភាពនិងយន្តការនៃការផ្លាស់ប្តូរទិន្នន័យស្ថិតិជាក់លាក់នូវទំនិញនាំចេញ នាំចូល រួមទាំងទំនិញឆ្លងកាត់ពីប្រទេសទី៣ ក្នុងគោលបណងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងបទល្មើសគយឱ្យមានប្រសិទ្ធភាពខ្ពស់ គ) ពិនិត្យពិភាក្សា និងស្វែងរកយន្តការក្នុងការស្នើសុំកិច្ចសហការដើម្បីឱ្យការឆ្លើយតបបានឆាប់រហ័សនិងទាន់សភាពការណ៍ ជាពិសេស យន្តការនៃការឆ្លើយតបទៅតាមប្រភេទ និងកម្រិតនៃការស្នើសុំកិច្ចសហការ ដើម្បីកាត់បន្ថយនូវបញ្ហាប្រឈមនិងការលំបាកនានាដែលអាចកើតមានឡើងជាយថាហេតុ និង ឃ) បន្តផ្សព្វផ្សាយនិងសិក្សាស្វែងយល់អំពីមូលដ្ឋានច្បាប់និងបទប្បញ្ញតិ្តរបស់ប្រទេសទាំងពីរដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ទំនិញឆ្លងកាត់ ជាពិសេសទំនិញកសិផលកម្ពុជាដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាមឱ្យបានកាន់តែល្អប្រសើរ។
២. ភាគីកម្ពុជាបានដឹកនាំគណៈប្រតិភូគយវៀតណាម ធ្វើទស្សនកិច្ចសិក្សា ស្វែងយល់អំពីស្ថានភាពនៃការអនុវត្តការងារ រំហូរទំនិញឆ្លងកាត់ ប្រព័ន្ធគ្រប់គ្រងហានិភ័យ និងនីតិវិធីក្នុងការបញ្ចេញទំនិញពីគយរបស់សាខាគយនិងរដ្ឋាករខេត្តកំពតដូចជា នៅកំពង់ផែពហុបំណង។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចកន្លងមក និងចាត់ទុកកិច្ចប្រជុំទ្វេភាគីនេះមានសារៈសំខាន់ ដែលនឹងក្លាយជាយន្តការនៃការធ្វើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ឱ្យកាន់តែល្អ ជាពិសេស ការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ របស់ប្រទេសទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រមូលចំណូលថវិការដ្ឋរបស់ប្រទេ
សរៀងៗខ្លួន។
Post a Comment