ពិធីប្រគល់ប័ណ្ណសរសើរ ជូនឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាល ដែលទទួលបានជ័យលាភី ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តកោះកុង
(ដោយ សំរិទ្ធ ភារុន)
(កោះកុង ) នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២៤ នេះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តកោះកុង បានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ អមដោយថវិកា របស់ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលនៃរដ្ឋបាលខេត្តទាំង២៩ ដែលបានអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៣ ទទួលស្នាដៃល្អ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលឃុំ សង្កាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង២៩ ដែលបានសហការ និងបំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងផ្តល់នូវសេវាសាធារណៈនៅក្នុងមូលដ្ឋានក្នុងឆ្នាំ២០២៣ បានល្អប្រសើរ។
លោកជំទាវ បានសង្កត់ធ្ងន់ថា ÷ ការថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ ជាកត្តាគន្លឹះដ៏សំខាន់ ដែលផ្តល់ភាពងាយស្រួល ដល់ដំណើរការអភិវឌ្ឍន៍មូលដ្ឋាន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗជាច្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវអភិបាលខេត្ត បានជម្រុញ ដល់ រដ្ឋបាលឃុំ សង្កាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់បន្ថែម និងពន្លឿនការអនុវត្តការងារ ពិសេស បញ្ហាប្រឈម និងកិច្ចការសំខាន់ៗនានាជាច្រើនទៀត ដែលនៅសេសសល់ នៅក្នុងមូលដ្ឋាន ត្រូវតែបន្តពុះពារអនុវត្តឱ្យបានល្អក្នុងឆ្នាំ២០២៤ និងឱ្យមានការចូលរួមគាំទ្រកាន់តែច្រើនជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយ កសាងកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប គ្រប់អ្នកពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព អោយទទួលបានលទ្ធផលល្អបំផុតសម្រាប់ឆ្នាំបន្តរបន្ទាប់។
ជាលទ្ធផល តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ឃុំសង្កាត់ទាំង២៩ នៃខេត្តកោះកុង ទទួលបាន ប័ណ្ណសរសើរ ជ័យលាភីប្រភេទលេខ១ ចំនួន១៥ឃុំ-សង្កាត់ ប្រភេទលេខ២ ចំនួន១២ឃុំ-សង្កាត់ និងប្រភេទលេខ៣ ចំនួន២ឃុំ-សង្កាត់
តាមរយៈពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរនាពេលនេះក្នុងនាម
ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញផែនការសកម្មភាព បន្តររួមមាន ÷
១- បន្តការផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឲ្យបានទូលំទូលាយដល់ ប្រជាពលរដ្ឋគ្រប់រូបគ្រប់ភូមិ ឃុំ សង្កាត់ និងបណ្តាអង្គការសង្គមស៊ីវិលទូទាំងខេត្ត។
២- ជំរុញ និងបង្កើនការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាពនៅថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ និងតាមសំណូមពរដែលប្រជាពលរដ្ឋស្នើសុំក្នុងវេទិកាខេត្ត ក្រុង ស្រុក។
៣- បន្តផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ និងជំរុញការដាក់ស្លាកសញ្ញាចរាចរណ៍តាមគោលដៅសំខាន់
លើកំណាត់ផ្លូវជាតិលេខ៤៨ ដែលកំពុងជួសជុល លើកកម្រិតគុណភាពផ្លូវ ។
៤- ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ចចុះត្រួតពិនិត្យជាប្រចាំលើការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៥- យកចិត្តទុកដាក់ចាត់តាំងអនុវត្តនូវបណ្តាវិធានការ ស្តីពីការលុបបំបាត់បទល្មើស និងគ្រោះថ្នាក់សង្គម ពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិទាំង ០៧យ៉ាងនៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព” ឲ្យមានប្រសិទ្ធភាពខ្ពស់។
៦- រៀបចំកិច្ចប្រជុំពិនិត្យរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។
៧- រៀបចំផែនការ និងត្រៀមបង្ការដោះស្រាយបញ្ហាគ្រោះធម្មជាតិ ។
៨- បន្តចុះបង្ក្រាបសកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋានទូទាំងខេត្តជាប្រចាំ។
៩- បន្តធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរ អង្គភាពទូទាំងខេត្ត។
១០- បន្តធ្វើសកម្មភាពត្រួតពិនិត្យរដ្ឋបាលលើរថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរនៅតាមគោលដៅ សំខាន់ៗ ដូចជាច្រកទ្វារអន្តរជាតិចាំយាម ចំណុចផ្លូវអូរស្រីស្រណោះ ចំណុចឃុំត្រពាំងរូង និងចំណុចឃុំបឹងព្រាវ ៕
Post a Comment