រដ្ឋបាលខេត្តកោះកុង រៀបចំពិធីបណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ដើម្បីបង្ករបរិយាកាស សប្បាយរីករាយជូនពលរដ្ឋ
==
ខ្មែររីវីញូវ_khmerrevinews
(Telegram ) 0718122225.!!
(ដោយ ,លោក សំរិទ្ធ ភារុន)
==
កោះកុង៖ ដើម្បីអបអរសាទរពិធីបុណ្យអុំទូកអកអបុក សំពះព្រះខែនិងបណ្ដែតប្រទីប ក៏ដូចជាការចូលរួមចំណែក ថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏ល្អផូផង់របស់ខ្មែរយើង ដែលមានតាំងពីយូរលុងណាស់មកហើយ និងការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាកម្សាន្ត
រដ្ឋបាលខេត្តកោះកុងបានរៀបចំកម្មវិធី បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុកក្រៅពីនេះក៏មានការ ប្រលងប្រកួតសម្រស់ប្រទីបដែលស្អាតជាងគេ ការស្លៀកពាក់ឈុតប្រពៃណីបុរាណដើរបង្ហាញម៉ូតសម្រាប់កុមារតូចៗ ដើម្បីប្រកួតដណ្ដើមជ័យជំនះ កម្មវិធីនេះប្រព្រឹត្តទៅនៅចំនុចគល់ស្ពានស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
នៅថ្ងៃអាទិត្យទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣
ក្រោមអធិបតីភាព ឯកឧត្ដម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពស្ថាប័ន ជំនាញពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទក្រុមយុជននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ជាមួយគ្នានោះដែរក៏មានការដាក់តាំងពិពណ៌ផលិតផល ដំណាំកសិផលក្នុងស្រុកជាច្រើនប្រភេទ ដែលកសិករផលិតនិងដាំដុះបាន នៅក្នុងសហគមន៍របស់ពួកគាត់ គោលបំណងឱ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍នាំគ្នាគាំទ្រផលិតផលក្នុងស្រុកឱ្យបានផុសផុលនិងផ្សព្វផ្សាយទៅកាន់ទីផ្សារ និងទេសចរណ៍
ពិសេសជាងនេះ មានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួច ការសម្ដែងរបាំយ៉ាងសំបូរបែប និងការប្រគុំតន្ត្រីដើម្បីបង្ករបរិយាកាសឱ្យកាន់តែមានភាពអធិកអធម ។
គូសបញ្ជាក់ផងដែរថា÷ ខេត្តកោះកុងឆ្នាំនេះមិនមានកម្មវិធីប្រណាំងទូកងនោះទេ ប៉ុន្តែបានរៀបចំនូវពិធីបណ្ដែតប្រទីប សំពះព្រះខែ អកអំបុក រួមទាំងការប្រលងប្រកួតសម្រស់ប្រទីបដែលស្រស់ស្អាតជាងគេ និងការស្លៀកពាក់បែបប្រពៃណីបុរាណ របស់ប្អូនៗកុមារ ដើរបង្ហាញម៉ូតប្រលងយកជ័យលាភី ដោយមានការដាក់ពិន្ទុ យ៉ាងសុក្រិតពីគណៈកម្មការផងដែរ ។
ក្នុងពិធីនេះមានប្រជាពលរដ្ឋបាន អញ្ជើញចូលរួមទស្សនាយ៉ាងច្រើនអនេក និងប្រកបដោយភាពសប្បាយរីករាយ ៕
Post a Comment