ថ្នាក់ដឹកនាំខេត្តកោះកុង ទទួលស្វាគមន៍គណៈប្រតិភូវៀតណាម ខេត្តគៀង យ៉ាង អញ្ជើញសួរសុខទុក្ខ និងជូនពរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
((ដោយ ៖ លោក សំរិទ្ធភារុន)
លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ថ្លែងក្នុងពិធីជួបសម្តែងការគួរសម សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី របស់ប្រតិភូគណៈកម្មាធិកាប្រជាជនខេត្ត
គៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំ (ខ) សាលាខេត្ត កោះកុង។
លោក អន សុធារិទ្ធ អភិបាលរងខេត្ត បានសម្ដែងនូវការ ស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ លោក ដាំង ហុង ស៊ីន សមាជិកគណៈកម្មាធិការបក្សខេត្ត-សមាជិកគណៈកម្មាធិការ ប្រជាជនខេត្ត និងជានាយកមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្តគៀង យ៉ាង ។
លោក អភិបាលរងខេត្ត បានលើកឡើងថា ÷ ថ្ងៃនេះ ជំនួសមុខ លោកជំទាវអភិបាលខេត្ត តាងនាមថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការ ប្រជាជនខេត្តកោះកុងទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយក្រៃលែង ដែលបានទទួលស្វាគមន៍គណៈប្រតិភូខេត្តគៀង យ៉ាង ដឹកនាំ ដោយ លោក ដាំង ហុង ស៊ីន សមាជិកគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈកម្មាធិការប្រជា ជនខេត្ត និងជានាយកមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត និងអស់លោក លោកស្រី ប្រតិភូអមដំណើរ នៃគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង ដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នា ថ្ងៃទី ១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ។
លោក អភិបាលរងខេត្ត បានបន្ថែមទៀតថា÷ បណ្តាឆ្នាំកន្លងមក ការទំនាក់ទំនងមិត្តភាព និង សហប្រតិបត្តិការរវាងខេត្តយើងទាំងពីរ (កោះកុង-គៀនយ៉ាង) ត្រូវបានពង្រឹងចំណងសម្ព័ន្ធមេត្រី ភាព និងមានទំនាក់ទំនងដ៏ល្អប្រសើរ ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ បើទោះបីជា ខេត្តកោះកុង-ខេត្តគៀងយ៉ាង ស្ថិតនៅឆ្ងាយពីគ្នា និងមានការមមាញឹកខ្លាំងក្នុងកិច្ចការបម្រើ ជាតិ និងប្រជាជន ក៏ខេត្តយើងទាំងពីរនៅតែបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការល្អនិងគ្នា តាមរយៈការអញ្ជើញចូលរួមព្រឹត្តិការណ៍ ពិធីផ្សេងៗ និងការអបអរសាទរជូនពរ គ្នាទៅវិញទៅមក ដែលត្រូវបានធ្វើឡើងដោយការអញ្ជើញចូលរួមផ្ទាល់ ឬជាសារលិខិតក្ដី ។
ជាក់ស្តែង កម្មវិធីជូនពររវាងខេត្តយើងទាំងពីរ ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ដូចកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ គណៈប្រតិភូខេត្តកោះកុង ដឹកនាំ ដោយ លោកជំទាវអភិបាលខេត្ត បានអញ្ជើញទៅជួបសម្តែងការគួរសម សួរសុខទុក្ខ និងជូន ពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងងប្រដាប់អាវុធ និងបងប្អូនប្រជាជនខេត្តគៀងយ៉ាង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិវៀតណាមឆ្នាំ២០២៤ នៅលើទឹកដីខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
នៅថ្ងៃនេះផ្ទាល់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤នេះដែរ លោកប្រធាន ក៏បានដឹកនាំប្រតិភូគណៈកម្មា ធិការប្រជាជនខេត្តគៀនយ៉ាង មកជួបសម្តែងការ គួរសម សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំ កងកម្លាំងងប្រដាប់អាវុធ មន្ត្រីរាជការ និង ប្រជាជនខេត្តកោះកុងទាំងអស់ នៅលើទឹកដីខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា ។
លោក អន សុធារិទ្ធិ បន្តទៀតថា÷ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាពនៃខេត្តយើងទាំងពីរ (កោះកុង-គៀនយ៉ាង) នឹង កាន់តែមានភាពរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងកាន់តែមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់ វិស័យ ដើម្បីភាពរីកចម្រើន និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន នៃខេត្តយើងទាំងពីរ ។
ក្នុងឱកាសនោះដែរ លោក អភិបាលរងខេត្ត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ដាំង ហុង ស៊ីន សមាជិកគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈកម្មាធិការប្រជាជនខេត្ត និង ជានាយកមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត និងអស់លោក លោកស្រី ប្រតិភូអម ដំណើរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញមកជួប សម្តែងការគួរសម សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងងប្រដាប់ អាវុធ និងប្រជាជនខេត្តកោះកុងទាំងអស់។
ជាទីបញ្ចប់ លោក អន សុធារិទ្ធ និងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ សូមគោរពជូនពរ លោកប្រធាន និងអស់លោក លោកស្រី គណៈប្រតិភូ និងឯកឧត្តម លោមមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីមន្ត្រីរាជការនៃខេត្តកោះកុងទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងសូមទទួលបាននូវសេចក្តីសុខ ភាពរីករាយ ព្រមទាំងជោគជ័យគ្រប់ភារកិច្ច៕
Post a Comment