លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម លឹម រតនៈ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ អាយ ធី អែហ្វ (ITF) កម្ពុជា ក្នុងពិធីប្រកាសទទួលស្គាល់សមាគមកីឡាតេក្វាន់ដូ ITF ខេត្តកោះកុង
(ដោយ :សំរិទ្ធ ភារុន )
ខេត្ថកោះកុង : នៅថ្ងៃ ១៣ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោកជំទាវអភិបាលខេត្ត សំដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម លឹម រតនៈ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ អាយ ធី អែហ្វ (ITF) កម្ពុជា ដែលបានអញ្ជើញជា គណៈអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាគមកីឡាតេក្វាន់-ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុង ដែលបាននឹងកំពុងរៀបចំនាពេលនេះ និងសូមស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។
ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលទទួលបាន សន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តី ត្រេកអរ ទទួលបានសេចក្ដីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាក៏ជាវិស័យមួយដែល រាជរដ្ឋាភិបាលបានខិតខំ យកចិត្តទុកដាក់លើកកម្ពស់ផងដែរ ថ្លែងដោយគណៈអធិបតី នៃអង្គពិធី ។
បច្ចុប្បន្ននេះ ខេត្តកោះកុងរបស់យើង បាននឹងកំពុងខិតខំលើកស្ទួយវិស័យកីឡា ដោយកន្លងមក យើងបានបង្កើតឲ្យមានក្រុមកីឡាសីស្លាប ក្លឹបកីឡាបាល់ទះ ក្លឹបកីឡាបាល់ទាត់ និងបានចូលរួមប្រកួតជា មិត្តភាពជាមួយបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា និងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ ហើយថ្ងៃនេះ យើងបានរួមគ្នារៀបចំពិធី ប្រកាសទទួលស្គាល់សមាគមកីឡាតេក្វាន់ដូ ITF ខេត្តកោះកុង បន្ថែមទៀតសម្រាប់ជំរុញលើកស្ទួយវិស័យកីឡា នេះឲ្យកាន់តែមានភាពរីកចំរើន សម្រាប់យុវវ័យចូលហាត់រៀន បង្កើនសុខភាព មិត្តភាព និងត្រៀមលក្ខណៈទៅចូលរួមប្រកួត នៅស៊ីហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ។
លោកជំទាវ មិថុនា ភូថង បានសម្ដែងនូវ ការកោតសរសើរចំពោះលោកប្រធានសមាគមកីឡាតេក្វាន់-ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុង លោកគ្រូបង្វឹក និងអ្នកពាក់ព័ន្ធសំខាន់ៗ ដែលបានផ្តួចផ្តើមគំនិតរៀបចំបង្កើត សមាគមកីឡាតេក្វាន់-ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុងនេះឡើង ក្នុងគោលបំណងលើកស្ទួយវិស័យ កីឡាតេក្វាន់-ដូ ក្នុងខេត្តកោះកុង។ កន្លងមកក្លឹបនេះមានទីតាំងនៅក្នុងឃុំថ្មស ស្រុកបូទុមសាគរ ដែលបង្កើតឡើងនៅឆ្នាំ២០១៩ ហើយបានវិវត្តខ្លួន ពីក្លឹបតេក្វាន់ដូ ថ្មស កោះកុង មកជា សមាគមតេក្វាន់-ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុង ហើយធ្លាប់បានបញ្ជូនកីឡាករ កីឡាការនី ទៅចូលរួមប្រកួតកម្រិតថ្នាក់ជាតិ និងបានទទួលជ័យលាភី ល្អប្រសើរជាបន្តបន្ទាប់ ។
ក្នុងពេលជាមួយគ្នានោះ លោក ជំទាវ អភិបាលខេត្តធ្វើការស្នើឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាអាជ្ញាធរក្រុង ស្រុក មេត្តាចូលរួមផ្ដល់កិច្ចគាំទ្រ និងសហការលើកស្ទួយវិស័យកីឡាក្នុងខេត្តរបស់យើងឲ្យមានភាពរីកចំរើនលូតលាស់។ ដើម្បីជាមូលដ្ឋានក្នុងការចូលរួមលើកកម្ពស់វិស័យកីឡាតេក្វាន់ដូ និងពង្រឹងសមត្ថភាពដល់កីឡាករ កីឡាការនី នៃសមាគមកីឡាតេក្វាន់ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុង របស់យើងទាំងអស់គ្នា ។
Post a Comment