អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធ ពិធីអបអរសាទរ ទិវាគយ អន្តរជាតិឆ្នាំ២០២៥ និង ត្រូវជា ខួបលើកទី ៧២ឆ្នាំ

 

នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធពិធី អបអរសាទរទិវាគយអន្តរជាតិឆ្នាំ ២០២៥ និងត្រូវជាខួបលើកទី៧២ឆ្នាំ នៃការបង្កើតអង្គការគយ ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួម ពីថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ តំណាងក្រសួង/ស្ថាប័ន តំណាងក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍នានា។ ការប្រារព្ធពិធីទិវាគយអន្តរជាតិសម្រាប់ឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ “រដ្ឋបាលគយបន្តយកចិត្តទុកដាក់ និងអនុវត្តការប្តេជ្ញារបស់ខ្លួនលើប្រសិទ្ធភាព, សន្តិសុខ, និងវិបុលភាព” (Customs Delivering its Commitment to Efficiency, Security and Prosperity)។

ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមករា រដ្ឋបាលគយនៃប្រទេសជាសមាជិកអង្គការគយពិភពលោកដែលបច្ចុប្បន្នមានចំនួន ១៨៦ប្រទេស រៀបចំពិធីទិវាគយអន្តរជាតិ ដើម្បីរៀបចំអបអរសាទរ និងរំលឹកដល់ការបង្កើត ក្រុមប្រឹក្សាសហប្រតិបត្តិការគយ ដែលបច្ចុប្បន្នមានឈ្មោះថា អង្គការគយពិភពលោក (World Customs Organization -WCO)។ អគរ សម្រេចជ្រើសយកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ប្រារព្ធរៀបចំទិវាគយអន្តរជាតិ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយសារថ្ងៃទី២៦ ត្រូវនឹងថ្ងៃអាទិត្យ។ ប្រធានបទសម្រាប់ឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងដោយមាន គោលបំណងអំពាវនាវដល់សមាជិកនៃអង្គការគយ ពិភពលោកទាំងអស់ ឱ្យបន្តឆ្ពោះទៅរកការយកចិត្តទុកដាក់ខ្ពស់ និងផ្តោតលើតម្រូវការក្នុងការប្រែក្លាយការប្តេជ្ញាចិត្តរបស់សមាជិកនីមួយៗ ទៅជាការអនុវត្តផែនការសកម្មភាពជាក់ស្តែង ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ធានាសន្តិសុខ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងចីរភាព។ បន្ថែមលើនេះ ប្រធានបទឆ្នាំនេះ មិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីចង្អុលផ្លូវសម្រាប់រដ្ឋបាលគយនីមួយៗ ក្នុងការរៀបចំ និងអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ និងទំនើបកម្មគយ អនុលោមតាមស្តង់ដា និងគោលការណ៍ណែនាំរបស់អង្គការគយពិភពលោក។ ជាក់ស្តែង អនុលោមតាមយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្ម

គយឆ្នាំ២០២៤-២០២៨ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំនិងដាក់ឱ្យអនុវត្តនូវផែនការសកម្មភាព

ប្រចាំឆ្នាំ២០២៥ ដោយបានក្រសោបបញ្ចូលនូវខ្លឹមសារនៃយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងការងារគយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នាពេលចុងក្រោយនេះ។ លើសពីនេះ សកម្មភាពគន្លឹះៗ

មួយចំនួនពាក់ព័ន្ធ នឹងការជំរុញប្រសិទ្ធភាព នៃការប្រមូលចំណូលដែលមានចែងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់

ការគ្រប់គ្រងឆ្នាំ២០២៥ ព្រមទាំងវិធានការជាក់លាក់នានារបស់រាជរដ្ឋាភិបាលស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ក៏ត្រូវបាន

ដាក់បញ្ចូលនៅក្នុងផែនការសកម្មភាពនេះ ផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ អគរ ក៏បានផ្សព្វផ្សាយនូវកម្រងអត្ថបទថ្មីពាក់ព័ន្ធនឹងនីតិវិធីគយនៅកម្ពុជានោះគឺ “សៀវភៅមគ្គុទ្ទេសក៍នីតិវិធីគយកម្ពុជា”។ សៀវភៅមគ្គុទ្ទេសក៍នេះគឺជាការធ្វើបច្ចុប្បន្នភាពលើ “កម្រងអត្ថបទនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ” ដែលបានបោះពុម្ពក្នុងឆ្នាំ២០១៥ ដោយបានកែសម្រួល និងបន្ថែមថ្មីនូវនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយមួយចំនួន ព្រមទាំងត្រូវបានតាក់តែង ឡើងជាភាសាសាមញ្ញសម្រាប់អ្នកអានទូទៅអាចយល់បាន ដោយពុំចាំបាច់មានចំណេះដឹងស៊ីជម្រៅលើជំនាញនិងបច្ចេកទេសគយឡើយ។ អគរ សង្ឃឹមជឿជាក់ថា សៀវភៅមគ្គុទ្ទេសក៍នីតិវិធីគយកម្ពុជាថ្មីនេះ នឹងក្លាយជាឯកសារដ៏មានសារៈប្រយោជន៍សម្រាប់អ្នកអានគ្រប់មជ្ឈដ្ឋាន រួមទាំងអ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញគោលនយោបាយ ជាពិសេសធុរជនដែលកំពុងឬមានបំណងប្រកបធុរកិច្ចនៅកម្ពុជាអាចស្វែងយល់បន្ថែមនូវឯកសារពាក់ព័ន្ធនឹងការបំពេញបែបបទបញ្ចេញទំនិញពីគយ។

ដើម្បីចូលរួមអបអរសាទរទិវាគយអន្តរជាតិឆ្នាំ២០២៥ ក៏ដូចជាការលើកទឹកដល់មន្ត្រីគយនិងរដ្ឋាករ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនឯកជន ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃរបស់អង្គការគយពិភពលោក (WCO Certificates of Merit) ជូនមន្រ្តីគយនិងរដ្ឋាករចំនួន ១២រូប, តំណាងក្រសួងពាណិជ្ជកម្មចំនួន ១រូប, ក្រសួងយុត្តិធម៌ចំនួន ១រូប, អគ្គស្នងការនគរបាលជាតិចំនួន ១រូប, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន១រូប, និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ១រូប ដែលមានស្នាដៃ និងកិច្ចសហប្រតិបត្តិការល្អ, អ្នកជំនាញការ ដែលមានស្នាដៃចំនួន១រូប និងប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតចំនួន ២, សរុបទាំងអស់ចំនួន ២០ វិញ្ញាបនបត្រ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីគយនិងរដ្ឋាករដែលមានស្នាដៃសរុបចំនួន ២៥រូប បន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ ក៏មានពិធីចែកបណ្ណសរសើរឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ) ដែលមានស្នាដៃឆ្នើម និងគុណបំណាច់ចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំការអនុវត្តគម្រោងវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System-GTAS) សរុបចំនួន ៣៩រូប។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ពិធីអបអរសាទរទិវាគយអន្តរជាតិ នឹងធ្វើឱ្យមានចំណាប់អារម្មណ៍ក្នុងការបន្តការគាំទ្រដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការបំពេញតួនាទី និងបេសកកម្មរបស់ខ្លួន ក៏ដូចជាការចូលរួមអនុវត្ត ផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ និងយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយឆ្នាំ ២០២៤-២០២៨ ប្រកបដោយជោគជ័យនិងប្រសិទ្ធភាព ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ការពារសុវត្ថិភាពនិងសុខុមាលភាពប្រជាជន ធានាសន្តិសុខជាតិ និងវិបុលភាព បន្ថែមទៀត។

ពិធីអបអរសាទរទិវាគយអន្តរជាតិ និងខួបលើកទី៧២ឆ្នាំ នៃការបង្កើតអង្គការគយពិភពលោកនេះ បានបញ្ចប់នៅវេលាម៉ោង១១:៤៥នាទី នាថ្ងៃដដែលក្រោមបរិយាកាសការងារ និងស្និទ្ធស្នាល។












Powered by Blogger.