ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នង ៦បន្ទប់ ដែលមានតម្លៃជាង៥៤,០០០ពាន់ដុល្លារ នៅសាលាបឋមសិក្សាត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នង ៦បន្ទប់ ដែលមានតម្លៃជាង៥៤,០០០ពាន់ដុល្លារ នៅសាលាបឋមសិក្សាត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់នូវការធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពក្នុងអត្រាប្រចាំឆ្នាំក្នុងរង្វង់៧% ការបង្កើតការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាព, ការកាត់បន្ថយភាពក្រីក្រឱ្យបានជាអប្បបរមា, ពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់សមត្ថភាព ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច «មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា»។
ឯកឧត្តម កែ គឹមយ៉ាន ក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា គណគ្រប់គ្រងសាលា និងអង្គភាពពាក់ព័ន្ធត្រូវផ្តោតលើការបណ្តុះបណ្តាលព័ត៌មានវិទ្យា កុំព្យូទ័រ ភាសាបរទេស ប្រើប្រាស់មន្ទីរពិសោធន៍នៅតាមសាលា ដើម្បីឱ្យសិស្សបានយល់ដឹង ស្របតាមសម័យឌីជីថល បន្តបញ្ចូលគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បចេ្ចកទេស ការប្រើមូលនិធិសមធម៌សុខាភិបាល និងអត្ថប្រយោជន៍សង្គមផ្សេងៗទៀត។ លេងកីឡា ពង្រឹងកាយសម្បទា ចាកឱ្យឆ្ងាយពីអំពើអបាយមុខនានាចាកឆ្ងាយដាច់ខាតពីការសេពគ្រឿងស្រវឹងគ្រឿងញៀន ដែលបំផ្លាញដល់សុខភាព និងអនាគតផ្ទាល់ខ្លួន។
ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បាននាំអំណោយជាសម្ភារៈ ថវិកា ឧបត្ថម្ភដល់៖ កម្លាំងនគរបាល កងរាជអាវុធហត្ថ សឹករងស្រុក ក្រុមគ្រូពេទ្យ ប្រជាការពារ លោកគ្រូ អ្នកគ្រូ ៣៦នាក់ សិស្សានុសិស្ស ២៣៣នាក់ ប្រជាពលរដ្ឋចូលរួមសរុបរួមជាថវិកា ១៥,៩០០,០០០រៀល៕
Post a Comment